Monday, December 17, 2012

ឆាលស៍ ស្ប៉េនស៊ឺរ៍ ឆាលីឆាបលីន


 
​​                                      ​​​​​​​              ឆាលស៍ ស្ប៉េនស៊ឺរ៍ ឆាលីឆាបលីន
                                                                  ​​​​​​​​​​​​        (សាក់ឡូ)
                                                      Charles Spencer Charlie Chaplin

        

          ឆាលី ឆាបលីន  សញ្ជាតិអង់គ្លេស  ជាកំពូលតារាកំប្លែងពិភពលោកក្នុងយុគ
ភាព យន្ត «គ»​  ហើយគាត់ត្រូវបានពិភពលោកហៅឈ្មោះថា សាកឡូ, កាលីតូ និង
ដឺ វ៉ាហ្កាប៊ុនដ៍,  គាត់ក៏ជាអ្នកនិពន្ធ រឿងភាពយន្ត និងបទភ្លេង,   ដឹកនាំរឿង និងជាតួ
សម្ដែងផងដែរ ហើយគាត់បានឆ្លងកាត់អាពាហ៍ពិពាហ៍ដល់ទៅ ៤លើក ។   សាកឡូ
មានឈ្មោះពេញថា ឆាលស៍ ស្ប៉េនស៊ឺរ៍ ឆាលីឆាបលីន Charles Spencer Charlie
Chaplin ត្រូវបានគេហៅត្រឹមតែ ឆាលី ឬ ឆាបលីន កើតថ្ងៃទី១៦ មេសា ១៨៨៩នា
ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ។ ឪពុកឈ្មោះ ឆាលស៍ ស្ប៉េនស៊ឺរ៍ ជាអ្នកបញ្ចូលសំ
ឡេង និងជាតារាសម្ដែង , ម្តាយឈ្មោះ ហាណាហ៍ ឆាបលីន  ជាអ្នកចម្រៀង និងជា
តារាសម្ដែង ។ ពួកគេបានចែកផ្លូវគ្នានៅពេលដែល ឆាលី មានអាយុមិនទាន់បាន ៣
ឆ្នាំផង ។  ឆាលី បានរៀនច្រៀងពីឪពុក-ម្តាយរបស់គាត់ ។  គាត់បានរស់នៅជាមួយ
ម្តាយ  និងបងប្រុសម្តាយជាមួយឪពុកទីទៃម្នាក់ឈ្មោះ  ស៊ីដនី វ៉លហ្វ័ដ   ហើយបាន
ផ្លាស់ប្តូរទីកន្លែងជារឿយៗ ។ ឪពុករបស់គាត់ជាមនុស្សប្រម៉ឹក មានស្រីកំណាន់ម្នាក់
ទៀត ហើយពុំសូវមានទំនាក់ទំនងជាមួយ ឆាលី ឡើយ ។ឆាលីនិងបងប្អូនឪ​ពុក​​​ទីទៃ​
របស់គាត់បានរស់នៅជាមួយឪពុកគាត់    នៅពេលដែលម្តាយរបស់គាត់មានជំងឺផ្លូវ
ចិត្ត ។ ស្រីកំណាន់របស់ឪពុកគាត់ បានបញ្ជូនពួកគាត់ទៅសាលាព្រះវិហារ សម្រាប់
កុមារឈ្មោះ Archbishop Temple’s Boys School ។   ឪពុករបស់គាត់បានស្លាប់
នៅឆ្នាំ១៩០១  ដោយរោគថ្លើម  នៅពេលដែល  ឆាលី មានអាយុ១២ឆ្នាំ ។ ឆាលី ក៏
បានរស់នៅជាមួយក្រុមល្ខោនកុមារីឈ្មោះ  The  Eight  Lancashire  Lads ។ ឆ្នាំ
១៩០៣ ឆាលី បានដើរតួដំបូងជាក្មេងបម្រើនៅក្នុងរឿង Sherlock Holmes, និពន្ធ 
ដោយ វីល្លាម ហ្គីលីត តួសម្ដែងដោយតារាអង់គ្លេស សេន្តស្បើរ៍រី។ សេន្តស្បើរ៍រី បាន
យក ឆាលី ឱ្យនៅក្បែរគាត់ និងបានបង្ហាត់បង្រៀនគាត់ឱ្យត្រួតត្រាលើទេពកោសល្យ
របស់គាត់ ។

 
          ឆ្នាំ១៩០៥ ហ្គីលីត  បានត្រឡប់ទៅអង់គ្លេសម្តងទៀត ដើម្បីចាប់ផ្តើមរឿងថ្មី
របស់គាត់ឈ្មោះ  Clarice ។   ឆាលី ត្រូវបានគេនាំយកមកពីខេត្តដើម្បីដើរតួជាអ្នក
បម្រើឈ្មោះ ប៊ីល្លី   គាត់ត្រូវបាន  ហ្គីលីត  បង្ហាត់បង្រៀនពីរបៀបសម្ដែង    ឆ្នាំ
១៩១០  ក្រុមល្ខោនរបស់គាត់បានទៅសម្ដែងនៅអាមេរិក   រហូតដល់ឆ្នាំ១៩១២ ។
ត្រឡប់ទៅអង់គ្លេសបាន ៥ ខែ ឆាលី   បានត្រឡប់ទៅអាមេរិកម្តងទៀតជាមួយក្រុម
ល្ខោន Fred Karno ប៉ុន្តែ នៅពេលក្រុមរបស់គាត់ត្រឡប់ទៅអង់គ្លេស វិញគាត់បាន
បន្តនៅអាមេរិក ។
          ចុងឆ្នាំ ១៩១៣  បន្ទាប់ពីការសម្ដែងមក   គាត់ត្រូវបានក្រុមហ៊ុនភាពយន្តជា
ច្រើននៅសហរដ្ឋអាមេរិក ជួលគាត់ឱ្យថតឱ្យពួកគេ ។  ភាពយន្តដំបូងរបស់ ឆាលី គឺ
រឿង Making a Living ធ្វើឱ្យនាយកក្រុមហ៊ុនមិនសប្បាយចិត្តទាល់តែសោះ ដោយ
សារ ឆាលី ធ្វើឱ្យមានកំហុសដែលត្រូវបង់ថ្លៃខ្ពស់ ។  ទោះយ៉ាងណាគាត់បានផ្តល់ឱ
កាសឱ្យ ឆាលីម្តងទៀត។ រំពេចនោះភាពយន្តទាំងឡាយរបស់ឆាលី ជោគជ័យយ៉ាង
គគ្រឹកគគ្រេង   ហើយគាត់បានក្លាយជាតារាដ៏សំខាន់បំផុតនៅឯក្រុមហ៊ុនផលិតភាព
យន្ត អាមេរិក Keystone ។
          ខ្សែភាពយន្ត «ដំណើរតន្រ្ដំ» របស់គាត់បានចាប់ផ្តើមនៅក្នុងយុគនៃភាពយន្ត
“គ”   ឬ ភាពយន្តគ្មានសំឡេង  កាលដែលគាត់នៅជាមួយក្រុមហ៊ុនភាពយន្តកំប្លែង
Keystone  បញ្ចាំងដំបូងនៅថ្ងៃទី ៧  ខែកុម្ភៈ ឆ្នាំ១៩១៤ ឈ្មោះ Kid Auto Races
at Venice  និង ក៏ជាពេលដែលគាត់ចាប់ផ្តើមប្រើម៉ូដសម្លៀកបំពាក់កំប្លែងមុនដំបូង
បំផុតដែរ ។  ពេលនោះ  ឆាលី  និងរបៀបដើរតន្ដ្រំរបស់គាត់បានក្លាយជាតារាដ៏មាន
ប្រជាប្រិយបំផុត នៅក្នុងក្រុមហ៊ុនខ្សែភាពយន្ត Sennett ។
          ក្នុងឆ្នាំដំបូងដែលគាត់នៅជាមួយក្រុមហ៊ុន Sennett ឆាលី បានថតភាពយន្ត
ខ្លីចំនួន ៣៤រឿង ។ តាមរយៈខ្សែភាពយន្តដំណើរតន្ដ្រំរបស់គាត់នេះឯងហើយដែល
គាត់ត្រូវបានគេស្គាល់ឈ្មោះថា  សាកឡូ   (Charlot)   នៅក្នុងពិភពប្រទេសដែលនិ
យាយ​​ភាសាបារាំង, អ៊ីតាលី, អេស្ប៉ាញ, អង់ដូរ៉ា, ព័រទុយហ្កាល់, ក្រិក, រ៉ូម៉ានី និង ទួ​
គី ។ ចំណែកនៅប្រទេសប្រេស៊ីល និង អាហ្សង់ទីន គេស្គាល់ឈ្មោះគាត់ថា កាលីតូ​
(Carlitos) ខណៈនៅអាល្លឺម៉ង់ គេស្គាល់ឈ្មោះថា ដឺ វ៉ាហ្កាប៊ុនដ៍ (Der Vagabund)
។ ភាពយន្តដំណើរតន្រ្ដំ ត្រូវបានបញ្ចាំងមុនដំបូងបំផុតនៅសហរដ្ឋអាមេរិក ។ ឆាលី
បានក្លាយជាកំពូលតារានៅក្នុងពិភពអ្នកគាំទ្រភាពយន្ត “គ” ។


          ឆ្នាំ​ ១៩១៦ ក្រុមហ៊ុន Mutual Film Corporation បានជួលគាត់ឱ្យថត​ភាព​
យន្តកំប្លែងរាប់សិប   ដែលក្នុងនោះភាពយន្តដែលល្បីល្បាញបំផុតមានដូចជា   រឿង
Easy Street,  One A.M.,  The Pawnshop,  និង  The Adventurer ជាដើម ។
ឆាលី បានចាត់ទុកថា អំឡុងពេលដែលគាត់នៅជាមួយក្រុមហ៊ុន Mutual គឺជាពេល
ដែលគាត់មានសុភមង្គលបំផុតក្នុងអាជីពរបស់គាត់ ។ នៅពេលអាមេរិក ចូលខ្លួនទៅ
ក្នុងសង្គ្រាមលោកលើកទី១ ឆាលីបានក្លាយជាអ្នកនាំពាក្យឱ្យ Liberty Bonds។នៅ
ពេលដែលគាត់បញ្ចប់កិច្ចសន្យាជាមួយក្រុមហ៊ុន Mutual នៅឆ្នាំ ១៩១៧  គាត់បាន
ចុះកិច្ចសន្យាជាមួយក្រុមហ៊ុន First National ។
          ឆ្នាំ១៩១៩ ឆាលីគឺជាស្ថាបនិកម្នាក់ជាមួយមិត្តជិតដិតរបស់គាត់៣នាក់ទៀត
ដែលបាន បង្កើតស្ទូឌីយោ (Studio)  មានឈ្មោះថា United Artists (UA) ជាមធ្យា
បាយគេចពីឥទ្ធិពលហូលីវូដ (Hollywood)ដែលព្យាយាមគ្របដណ្តប់លើវិស័យភាព
យន្តទាំង ស្រុង។ គាត់បានបន្តធ្វើជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ UA រហូតដល់
ដើមទសវត្សរ៍ឆ្នាំ១៩៥០។ ឆ្នាំ១៩២៧ ភាពយន្តមានសំឡេងបានចាប់ផ្តើម និងបាន
ក្លាយជាភាពយន្តពេញនិយមបំផុត ប៉ុន្តែឆាលី ឬសាកឡូ ឬ កាលីតូ ឬ ដឺ វ៉ាហ្កាប៊ុនដ៍
នៅតែមិនថតភាពយន្តមានសំឡេង។គាត់និយាយថាកាយវិការមានលក្ខណៈសកល
ជាងពាក្យសម្ដី ។
          ខ្សែភាពយន្តមានសំឡេងដំបូងបំផុតរបស់ ឆាលី  គឺរឿង The Great Dict-
ator ដែលត្រូវបានបញ្ចាំងនៅឆ្នាំ១៩៤០ បញ្ចាំងនៅសហរដ្ឋអាមេរិក ១ឆ្នាំ មុនពេល
អាមេរិកសម្រេចចិត្តចូលខ្លួនទៅក្នុងសង្គ្រាមលោកលើកទី២។ នៅក្នុង រឿងនេះឆាលី
ធ្វើជាមនុស្សដែលយកម៉ូដែលតាម អាដុលហ្វ៍ ហ៊ីត្លែរ របស់ អាល្លឺម៉ង់ ។ ទោះ ឆាលី
ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នៅក្នុងវិស័យភាពយន្ត    និងបានតាំងលំនៅ
ស្ថាន​​នៅសហរដ្ឋអាមេរិកពីឆ្នាំ១៩១៤ដល់ឆ្នាំ១៩៥៣ក្តី ក៏គាត់ត្រូវបាន FBIសង្ស័យ
ថាជាសកម្មជនកុម្មុយនិស្ត   ហើយពួកគេបានព្យាយាមបញ្ចប់និវេសនដ្ឋានរបស់គាត់
នៅអាមេរិក។ សម្ពាធរបស់ FBI ទៅលើ ឆាលី បន្ទាប់ពីយុទ្ធនាការឆ្នាំ១៩៤២ របស់
គាត់សម្រាប់ពួកអឺរ៉ុប ។
          ឆ្នាំ ១៩៥២    គាត់បានចាកចេញពីអាមេរិកទៅលេងស្រុកកំណើតនាទីក្រុង
ឡុងដ៍  ប្រទេសអង់គ្លេស ។  FBI   បានពិភាក្សាជាមួយស្ថាប័នអន្តោប្រវេសន៍ឱ្យដក
ហូតទិដ្ឋាការរបស់  ឆាលី  ដើម្បីកុំឱ្យគាត់មានសិទ្ធិត្រឡប់ចូលអាមេរិកវិញ ។  ឆាលី
បានសម្រេចចិត្តថា  នឹងមិនត្រឡប់ចូលអាមេរិកវិញឡើយ   ដោយគាត់មិនពេញចិត្ត
នឹងរដ្ឋាភិបាលអាមេរិក  ហើយគាត់បានតាំងលំនៅឋាននៅប្រទេសស្វ៊ីស។ ខែមេសា
          ឆ្នាំ ១៩៧២   គាត់បានធ្វើដំណើរទៅសហរដ្ឋអាមេរិក   ក្នុងរយៈពេលដ៏ខ្លីជា
មួយភរិយារបស់គាត់ ដើម្បីទទួលពានរង្វាន់អូស្កា(Oscar)។ ខ្សែភាពយន្តចុងក្រោយ
ចំនួន២របស់ ឆាលី  ត្រូវបានផលិតនៅទីក្រុងឡុងដ៍ គឺរឿង A King in New York, 
១៩៥៧,  ដែលគាត់បានដើរតួ,  និពន្ធ, ដឹកនាំ និង ផលិត,   និងរឿង A Countess
from Hong Kong, ១៩៦៧ ដែលគាត់បានដឹកនាំ, ផលិត និងនិពន្ធ ។  គាត់ក៏បាន
និពន្ធភ្លេងសម្រាប់ភាពយន្តទាំង២នេះផងដែរ។ ឆាលីបានចូលនិវត្តន៍ពីពិភពសិល្បៈ 
ជាផ្លូវការនៅក្នុងខ្សែភាពយន្តរឿង Modern Times  បញ្ចាំងនៅថ្ងៃទី ៥  ខែកុម្ភៈ ឆ្នាំ
១៩៣៦  ហើយនៅក្នុងភាពយន្តនេះ បានបញ្ចប់ដោយគាត់ដើរលើផ្លូវដ៏គ្មានទីបញ្ចប់
មួយឆ្ពោះទៅជើងមេឃ ។ Modern Times ត្រូវបានគេចាត់ទុកថា  ជាភាពយន្ត “គ“
ចុងក្រោយបំផុតក្នុងលោក ។  ភាពយន្តច្រើនបំផុតរបស់  សាកឡូ  គឺនៅពេលដែល
គាត់នៅជាមួយក្រុមហ៊ុន Keystone, Essanay  និងក្រុមហ៊ុន Mutual ។
          សុខភាពរបស់ឆាលីបានចាប់ផ្តើមធ្លាក់ចុះជាលំដាប់នៅចុងទសវត្ស ១៩៦០
បន្ទាប់ពីគាត់បានបង្ហើយភាពយន្តចុងក្រោយ  ឈ្មោះ  A  Countess  from  Hong
Kong ។ នៅ ឆ្នាំ១៩៧៧ គាត់ក្រោកដើរលែងរួច ក៏ប្រើកៅអីមានកង់។  ពិភពលោក
លែងមានវត្តមានស្តេចកំប្លែងដ៏រស់រវើក   ឆាលី   ឆាបលីន   ដោយគាត់បានលាចាក
លោកនេះពេលកំពុងទទួលទានដំណេកនៅទីក្រុង   Vevey,  ប្រទេសស្វ៊ីស  នៅថ្ងៃ
បុណ្យណូអែល នាឆ្នាំ១៩៧៧ ។
          ឆាលី ត្រូវបានបញ្ចុះទៅក្នុង Corsier-Sur-Vevey Cemetery នៃប្រទេស
ស្វ៊ីស ។ ថ្ងៃទី១ ខែមីនា ឆ្នាំ១៩៧៨ សាកសពរបស់គាត់ត្រូវបានគេលួច ដើម្បីជម្រិត
ទារយកប្រាក់ពីគ្រួសារ ប៉ុន្តែពួកចោរទាំងនោះត្រូវបានចាប់ខ្លួន ហើយសពរបស់គាត់
ត្រូវបានរកឃើញ  ១១  សប្តាហ៍ក្រោយមក  និងត្រូវបានកប់ម្តងទៀតនៅក្នុងជម្រៅ
១,៨ ម៉ែត្រ ក្នុងទីដ៏អាថ៌កំបាំងមួយដើម្បីចៀសវាងត្រូវគេលួចម្តងទៀត។រូបសំណាក
របស់គាត់ត្រូវបានគេសាងសង់នៅទីក្រុង  Vevey,  ប្រទេសស្វ៊ីស  ដែលនៅគង់វង្ស
រហូតដល់សព្វថ្ងៃ ។
          ទោះជាច្រើនទសវត្សរ៍ហើយក្តី រូបរបស់គាត់និងភាពយន្តរបស់គាត់នៅតែធ្វើ
ឱ្យមនុស្សផ្ទុះសំណើចទប់មិនជាប់ដដែលហើយរហូតមកដល់សព្វថ្ងៃនេះពិភពលោក
នៅតែពុំទាន់មានតារាកំប្លែងណាម្នាក់ អាចបំបែកឯតទគ្គកម្មគាត់បាននៅឡើយ។ ចំ
ពោះអាពាហ៍ពិពាហ៍វិញ ឆាលី បានឆ្លងកាត់ចំនួន៤លើក៖ ទី១ រៀបការជាមួយតារា
ភាពយន្តម្នាក់ឈ្មោះ មីលដ្រេដ ហារីស នៅឆ្នាំ ១៩១៨  ហើយបានលែងលះគ្នានៅ
ឆ្នាំ១៩២០ ។
          ឆ្នាំ   ១៩២៤   គាត់បានរៀបការម្តងទៀតជាមួយតារាភាពយន្តឈ្មោះលីតា
ហ្ក្រេយ៍។ ពួកគេរួមរស់នឹងគ្នាបានកូន២នាក់ ក៏បានដល់ទីបញ្ចប់ទៀតនៅឆ្នាំ១៩២៧
។ ឆ្នាំ ១៩៣៦ គាត់បានរៀបការជាលើកទី៣ ជាមួយនាង ផល្លេត ហ្កូដដាដ ជាតារា
ភាពយន្តដែរ  ហើយបានលែងលះគ្នាទៀតនៅឆ្នាំ ១៩៤២ ។  ខែមិថុនា ឆ្នាំ១៩៤៣
ឆាលី  ឆាបលីន  បានរៀបការម្តងទៀតពេលដែលគាត់មានវ័យ ៥៣ឆ្នាំ  ជាមួយនាង 
អ៊ូណា អូណែល ដែលទើបតែមានអាយុ១៨ឆ្នាំ ។ ស្នេហ៍វ័យចំណាស់ ប៉ះប្រពន្ធក្មេង
ល្ហក់គូនេះចុះសម្រុង និងយល់ចិត្តថ្លើមគ្នាខ្លាំងណាស់ ហើយជាប្រភពសុភមង្គលពិត
ប្រាកដនៃស្តេចកំប្លែងពិភពលោក ឆាលី ឆាបលីន ហៅ សាកឡូ របស់យើង ។  ពួក
គេមានបុត្រ៨នាក់ និងរួមរស់នឹងគ្នាលុះ ឆាលី ទទួលអនិច្ចកម្ម ៕

ឯកសារយោង៖ សៀវភៅសាងខ្លួនឯង

No comments:

Post a Comment